រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃពិភាក្សាលើសំណើបើកព្រំដែនមួយចំនួនឡើងវិញ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា-ថៃបានពិភាក្សាគ្នាលើសំណើពីភាគីជប៉ុន ដើម្បីឱ្យបើកច្រកព្រំដែនមួយចំនួនឡើងវិញ សម្រាប់ការចរាចរទំនិញចាំបាច់។ ការពិភាក្សានេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី១០ ខែកញ្ញា ដែលធ្វើឡើងនៅខេត្តកោះកុង។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា បាន​លើកឡើង​ថា នៅ​ក្នុង​កិច្ច​ប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ថៃ​លោក ណាត់ថាក់ផុន ណាកផានីត (Nattaphon Narkphanit) បាន​ពិភាក្សា​គ្នា​ដើម្បី​ដាក់​ចេញ​នូវ​ជំហាន​ជាក់ស្ដែង​នានា​ចាំបាច់ ដើម្បី​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធ​ភាព។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បន្ត​ថា នៅ​ក្នុង​ជំនួប​នោះ ភាគី​កម្ពុជា​បាន​ជំរុញ​ឱ្យ​ថៃ​ដោះលែង​ទាហាន​កម្ពុជា​១៨នាក់ ឱ្យ​បាន​ឆាប់​រហ័ស​ស្រប​តាម​ច្បាប់​មនុស្សធម៌​អន្តរជាតិ។ បន្ថែម​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​ប្រតិបត្តិ​សម្រាប់​បង្កើត​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន ដើម្បី​ឱ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​អនុម័ត។

លោក ទៀ សីហា បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ទៀត​ថា អង្គ​ប្រជុំ​ក៏​បាន​ពិនិត្យ​លើ​សំណូមពរ​របស់​ប្រទេស​ជប៉ុន ដែល​ចង់​ឱ្យ​ប្រទេស​ទាំង​ពីរ​ពិចារណា​បើក​ច្រក​ព្រំដែន​មួយ​ចំនួន​ឡើង​វិញ សម្រាប់​ដឹក​ទំនិញ​ចាំបាច់ ក្នុង​ការ​ធានា​ដល់​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់។

មេបញ្ជាការ​ភូមិភាគ​របស់​ថៃ​បាន​ចេញ​បញ្ជា​ជា​ឯកតោ​ភាគី​ឱ្យ​បិទ​ច្រក​ព្រំដែន​អន្តរជាតិ​ទាំង​៧​ជាមួយ​កម្ពុជា​ចាប់​តាំង​ពី​ថ្ងៃ​ទី២៣ ខែមិថុនា លើកលែង​ការ​ឆ្លង​កាត់​របស់​មនុស្សធម៌ ខណៈ​ពលរដ្ឋ​កម្ពុជា​បាន​ប្រកាស​ធ្វើ​ពហិកា​មិន​ប្រើប្រាស់​ទំនិញ​ពី​ប្រទេស​ថៃ ស្របពេល​ប្រទេស​ទាំង​ពីរ​កើនឡើង​ភាព​តានតឹង​ដោយសារ​ជម្លោះ​ព្រំដែន។

សូមរង់ចាំអានព័ត៌មានពិស្ដារ